Admin, 28 November 2026

          សេចក្តីប្រកាសផលិតផលចុងក្រោយបង្អស់ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហាញរថយន្ត SUV អគ្គិសនីសុទ្ធ Zeekr 8X ដែលជិតចេញលក់របស់ក្រុមហ៊ុន Geely។ ម៉ូដែល Zeekr 8X ដែលកំពុងមានលក់នាពេលបច្ចុប្បន្ន គឺជាប្រភេទ Hybrid ដែលត្រូវបានដាក់លក់កាលពីខែមេសាកន្លង។


វិមាត្រ និងការរចនា

Zeekr 8X មានវិមាត្រ៖ បណ្តោយប្រវែង 5,100 មីឡីម៉ែត្រ, ទទឹង 2,000 មីឡីម៉ែត្រ និងកម្ពស់ 1,780 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 3,069 មីឡីម៉ែត្រ។ រថយន្តនេះ មានគម្លាតកង់ខាងមុខ​ 1,732 មីឡីម៉ែត្រ និងគម្លាតកង់ខាងក្រោយ 1,745 មីឡីម៉ែត្រ។ ជាមួយនឹងប្រវែងលយផ្នែកខាងមុខ 943 មីឡីម៉ែត្រ និងផ្នែកខាងក្រោយ 1,088 មីឡីម៉ែត្រ រថយន្ត SUV មួយនេះ ផ្តល់នូវមុំប្រកៀក (approach angle) 20 អង្សារ និងមុំចាកចេញ (departure angle) 22 អង្សារ។ អាស្រ័យលើការកំណត់ទម្រង់បច្ចេកទេស ទម្ងន់ឡានទទេ (curb weight) មានចាប់ពី 2,760 គីឡូក្រាម ដល់ 2,915 គីឡូក្រាម ជាមួយនឹងទម្ងន់សរុបរបស់រថយន្ត (gross vehicle weight) 3,365 គីឡូក្រាម ឬ 3,465 គីឡូក្រាម។ ផ្នែកកាប៊ីនខាងក្នុង នឹងមានបំពាក់មកជាមួយ 5 កៅអី និង 6 កៅអី។


ប្រព័ន្ធថាមពល និងសមត្ថភាព

Zeekr 8X ប្រើប្រាស់ប្រព័ន្ធបើកបរវិលពេញកង់ម៉ូទ័រឌុប (dual-motor all-wheel-drive system)។ យានយន្តនេះ ត្រូវបានបំពាក់ដោយម៉ូទ័រចំនួនពីរ ដែលម៉ូទ័រនីមួយៗផ្តល់កម្លាំង 310 kW (416 សេះ) និង 370 kW (496 សេះ) រៀងៗខ្លួន ដែលបង្កើតបានជាកម្លាំងទិន្នផលប្រព័ន្ធសរុប 680 kW (912 សេះ)។ រថយន្ត SUV នេះ មានសមត្ថភាពឈានដល់ល្បឿនអតិបរមា 260 គីឡូម៉ែត្រ/ម៉ោង។ ការផ្ទុកថាមពល ត្រូវបានផ្តល់ដោយអាគុយ Ternary Lithium-ion ដែលផលិតដោយក្រុមហ៊ុន CATL-Geely Power Battery Co., Ltd.។


តួគ្រោងឆ្អឹង (Chassis)

Zeekr 8X មកជាមួយស្តង់ដារប្រព័ន្ធហ្វ្រាំងប្រឆាំងការជាប់គាំងកង់ IPB (Intelligent Power Brake) ពីក្រុមហ៊ុន Bosch និងឧបករណ៍កត់ត្រាទិន្នន័យព្រឹត្តិការណ៍ (EDR)។​រថយន្តនេះ ផ្តល់ជូននូវជម្រើសនៃការតុបតែងបន្ថែមយ៉ាងទូលំទូលាយ រួមមានម៉ូដយ៉ាន់កង់ជាច្រើនប្រភេទ ផ្គូរផ្គងជាមួយសំបកកង់ទំហំ 255/50R21, 275/45R21 ឬ 275/40R22។ អ្នកទិញ ក៏អាចជ្រើសរើសគ្រឿងតុបតែងផ្នែកសោភ័ណភាព និងមុខងារប្រើប្រាស់ជាច្រើនប្រភេទផងដែរ ដូចជា ការរចនាប៉ាណាខាងមុខខុសៗគ្នា, ឈ្នាន់ជាន់ចំហៀងដើរដោយអគ្គិសនី (electric side steps), របារដាក់ឥវ៉ាន់លើដំបូល និងគ្រឿងបរិក្ខារជំនួយការបើកបរកម្រិតខ្ពស់ រួមមានសេនស័រ LiDAR ចាប់ចំណុចងងឹតផ្នែកខាងមុខ និងខាងក្រោយ ព្រមទាំងកាមេរ៉ាបង្ហាញទិដ្ឋភាពច្រើនជ្រុង។ សម្រាប់មុខងារប្រើប្រាស់បន្ថែម យានយន្តនេះគាំទ្រសមត្ថភាពសណ្តោងរហូតដល់ 2,000 គីឡូក្រាម។ ម៉ូដែល Zeekr 8X ប្រភេទ Hybrid ដែលកំពុងមានលក់នាពេលបច្ចុប្បន្ន មានផ្តល់ជូនជាមួយអាគុយទំហំ 55 kWh និង 70 kWh។ ដូច្នេះ វគ្គអគ្គិសនីសុទ្ធរបស់វា ទំនងជាផ្តល់ជូននូវសមត្ថភាពអាគុយលើសពី 100 kWh។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)