Admin, 24 November 2026

            រថយន្តអគ្គិសនីម៉ាកយីហោ Xiaomi បានបើកទទួលការលក់មុន (presale) នៅក្រៅប្រទេសចិនជាលើកដំបូង ដោយម៉ូដែល SU7, YU7 និង Skynomad ឥឡូវនេះត្រូវបានចុះបញ្ជីដាក់លក់នៅក្នុងអេមីរ៉ាតអារ៉ាប់រួម (UAE)។ ចំណាត់ការនេះ ផ្តល់ឱ្យក្រុមហ៊ុននូវជំហានដំបូងនៃការលក់នៅក្រៅប្រទេស មុនពេលការពង្រីកទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ ដែលមានផែនការនៅក្នុងឆ្នាំ 2027 នេះបើយោងតាមការរាយការណ៍របស់ IT-home។

ប្រតិបត្តិការនៅក្នុង UAE កំពុងត្រូវ បានគ្រប់គ្រងដោយដេប៉ូចែកចាយក្នុងស្រុក Gargash Prime Automotive ជាជាងតាមរយៈបណ្តាញលក់រាយដែលប្រតិបត្តិការដោយក្រុមហ៊ុន Xiaomi ផ្ទាល់។ នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ឆ្នាំ 2026 (2026 APEC CEO Summit) នៅទីក្រុងសិនជិន កាលពីថ្ងៃទី 17 ខែវិច្ឆិកា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងឈានជើងចូលទីផ្សារក្រៅប្រទេសជាផ្លូវការនៅឆ្នាំក្រោយ។

តម្លៃនៅ UAE និងកាលវិភាគប្រគល់រថយន្ត

ក្រុមហ៊ុន Gargash Prime បានចុះបញ្ជីវគ្គជម្រើស (variants) ចំនួន 13 នៅទូទាំងរថយន្ត Sedan ម៉ូដែល SU7, រថយន្ត SUV ម៉ូដែល YU7 និងរថយន្ត SUV Extended- rang electric  ម៉ូដែល Skynomad។ តម្លៃចាប់ផ្តើមពី 46,263 ដុល្លារអាមេរិក សម្រាប់ម៉ូដែល SU7 Standard និងឡើងដល់ 102,355 ដុល្លារអាមេរិក សម្រាប់ម៉ូដែល SU7 Ultra។

ការលក់រថយន្តលើកដំបូង ត្រូវ បានកំណត់កាលវិភាគនៅខែធ្នូ ឆ្នាំ 2026 សម្រាប់ម៉ូដែល SU7 Standard និង Ultra, YU7 Standard, Skynomad N70 Pro និងវគ្គ N90 ទាំងពីរ។ ការលក់រថយន្តនៃវគ្គជម្រើសដែលនៅសេសសល់ ត្រូវ បានចុះបញ្ជីនៅខែកុម្ភៈ ឆ្នាំ 2027។

ដេប៉ូចែកចាយ ត្រូវបានផ្សព្វផ្សាយពីរយៈពេលការធានារហូតដល់ 5 ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ ជាមួយនឹងការថែទាំតាមកាលកំណត់ដែលគ្របដណ្តប់រហូតដល់ 60,000 គីឡូម៉ែត្រ។

សេវាកម្មបង់រំលស់/ជួលប្រចាំខែ (Leasing) ចាប់ផ្តើមពី 1,062 ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ SU7 Standard, 1,143 ដុល្លារអាមេរិក សម្រាប់ ម៉ូឌែលYU7 Standard និង 1,280 ដុល្លារអាមេរិក សម្រាប់ Skynomad N70 Pro។

ម៉ូដែល (Model)

តម្លៃចាប់ផ្តើមនៅ UAE

តម្លៃចាប់ផ្តើមនៅចិន

Xiaomi SU7

169,900 AED (46,263 USD)

219,900 យន់ (33,011 USD)

Xiaomi YU7

184,900 AED (50,347 USD)

233,500 យន់ (35,052 USD)

Xiaomi Skynomad

209,900 AED (57,155 USD)

209,900 យន់ (31,509 USD)

បន្ទាប់ពីការដូររូបិយប័ណ្ណ តម្លៃចាប់ផ្តើមនៅ UAE សម្រាប់ SU7 និង YU7 គឺខ្ពស់ជាងតម្លៃនៅប្រទេសចិនប្រហែល 40% និង 44%។ រីឯម៉ូដែល Skynomad N70 មានតម្លៃចាប់ផ្តើមខ្ពស់ជាងប្រហែល 81%។

ប្រព័ន្ធថាមពល និងចម្ងាយបើកបរ

SU7 និង YU7 គឺជាម៉ូដែលអគ្គិសនីប្រើអាគុយសុទ្ធ (BEV)។ វគ្គដែលមានសមត្ថភាពខ្ពស់បំផុតរបស់ពួកវា គឺ SU7 Ultra ជាមួយកម្លាំង 1,138 kW (1,526 សេះ) និង YU7 GT ជាមួយកម្លាំង 738 kW (990 សេះ)។

Skynomad ប្រើប្រាស់ប្រព័ន្ធថាមពលអគ្គិសនី (EREV) ជាមួយនឹងម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ Turbo ដែលដើរតួជាម៉ាស៊ីនភ្លើង។ ខ្សែរស្រឡាយម៉ូដែលនេះ រួមមានប្រភេទកៅអី 5 សម្រាប់ N70 និង7 កៅអី សម្រាប់N90។ ម៉ូដែល N70 Pro មានអាគុយ LFP ទំហំ 52 kWh ខណៈដែលវគ្គលំដាប់ខ្ពស់ជាងនេះ ប្រើប្រាស់កញ្ចប់អាគុយ NMC ទំហំ 76 kWh។

ម៉ូដែល N90 ត្រូវ បានចុះបញ្ជីជាមួយនឹងចម្ងាយបើកបរសរុបតាមស្តង់ដារ CLTC សរុប1,705គីឡូម៉ែត្រ  ដែលស្មើនឹងប្រហែល 1,321 ដល់ 1,328 គីឡូម៉ែត្រ ក្រោមស្តង់ដារ WLTP (ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 363 ដល់ 370 គីឡូម៉ែត្រ WLTP បូករួមជាមួយធុងប្រេងឥន្ធនៈចំណុះ 60 លីត្រ ដែលមានកម្រិតស៊ីប្រេង 6.26 លីត្រ/100គីឡូម៉ែត្រ WLTC)។

ផែនការពង្រីកទីផ្សារក្រៅប្រទេសកាន់តែទូលំទូលាយរបស់ Xiaomi

ការលក់មុននៅ UAE កើតមានឡើងខណៈពេលដែល Xiaomi កំពុងរៀបចំសម្រាប់ការដាក់ចេញលក់ជាអន្តរជាតិកាន់តែទូលំទូលាយ។ កាលពីខែកញ្ញា ឆ្នាំ 2026 ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមដេប៉ូចែកចាយអាល្លឺម៉ង់ចំនួនប្រាំបី រួមមាន Emil Frey និង LUEG មុនពេលការឈានជើងចូលទីផ្សារអឺរ៉ុបដែលបានគ្រោងទុក។

Xiaomi ក៏បានផ្សព្វផ្សាយជ្រើសរើសបុគ្គលិកផ្នែកច្បាប់ និងហិរញ្ញវត្ថុយានយន្តនៅទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលីផងដែរ។ ការជ្រើសរើសបុគ្គលិកនេះ បង្ហាញថាក្រុមហ៊ុនកំពុងរៀបចំសម្រាប់ប្រតិបត្តិការរថយន្តចង្កូតស្តាំ (right-hand-drive) ដែលអាចកើតមាន ប៉ុន្តែមិនទាន់បញ្ជាក់ពីការដាក់លក់ជាផ្លូវការនៅប្រទេសអូស្ត្រាលីនៅឡើយទេ។

សម្រាប់ពេលនេះ UAE ផ្តល់ឱ្យ Xiaomi នូវបណ្តាញលក់នៅក្រៅប្រទេសដំបូងបង្អស់ដែលដឹកនាំដោយដេប៉ូចែកចាយ។ ការពង្រីកទីផ្សារអន្តរជាតិកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន នៅតែស្ថិតក្រោមផែនការនៅឆ្នាំ 2027ខាងមុខផងដែរ។

Skynomad N90 (Credit: Xiaomi)

Xiaomi SU7

Xiaomi YU7

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)