Admin, 25 November 2026
តាមបណ្តាញអ៊ីនធឺណិត មានការភ្ញាក់ផ្អើលមួយរំពេចកាលពីដើមសប្តាហ៍នេះ នៅពេលដែលប្រធានផ្នែករចនាសកលថ្មីរបស់ក្រុមហ៊ុន Nissan លោក Matthew Weaver បានប្រាប់សារព័ត៌មាន Best Car ថា៖ «ប្រសិនបើយើងផលិតរថយន្ត R36 វានឹងមានចង្កៀងមុខរាងមូល។ នោះគឺជាអ្វីទាំងអស់ដែលខ្ញុំអាចនិយាយបាននៅពេលនេះ»។ មនុស្សម្នាក់អាចយកសម្តីនោះទៅបកស្រាយថា រថយន្ត GT-R ជំនាន់ក្រោយនឹងមានការរចនាបែបរំលឹកអតីតកាល (throwback design) ប៉ុន្តែវាប្រហែលជាមិនដូច្នោះទេ។កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិព័រណ៍យានយន្ត Los Angeles Auto Show ឆ្នាំ 2026 អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកផែនការសម្រាប់ Nissan អាមេរិកខាងជើង លោក Ponz Pandikuthira បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់សារពត៌មានថា៖ «ទេ ខ្ញុំមិនគិតដូច្នោះទេ» នៅពេលដែលគេត្រូវ បានសួរថាតើរថយន្ត GT-R ជំនាន់ក្រោយត្រូវការការរចនាបែបបុរាណ (retro) ឬចង្កៀងមុខផ្តេក និងធាតុផ្សំស្រដៀងនឹងម៉ូដែល R34 ឬយ៉ាងណា ខណៈពេលនោះលោកក៏បាននិយាយផងដែរថា រថយន្តនេះអាចលាយបញ្ចូលគ្នារវាងសញ្ញាណរចនាបែបបុរាណ និងទំនើប។ លោក Pandikuthira បានមានប្រសាសន៍ថា៖ «ឥឡូវនេះ រឿងរ៉ាវជាច្រើនត្រូវការការកែលម្អឱ្យកាន់តែល្អិតល្អន់ ហើយពួកគេមិនចាំបាច់កំណត់ការរចនានៃរថយន្តមួយនៅក្នុងឆ្នាំ 2026 សម្រាប់ការផលិតនៅឆ្នាំ 2030 ឬ 2031 នោះទេ មិនចាំបាច់ទាល់តែសោះ»។
កាលវិភាគនោះ ស្របគ្នាទៅនឹងអ្វីដែលលោក Pandikuthira បានប្រាប់អ្នកសារពត៌មានកាលពីខែមេសា នៅពេលដែលលោកក៏បានបង្ហាញផងដែរថា ប្រព័ន្ធថាមពល Hybrid របស់វានឹងប្រើប្រាស់ប្លុកម៉ាស៊ីន VR38។រថយន្តត្រកូល GT-R ជាពិសេសជំនាន់ចុងក្រោយ គឺម៉ូដែល R35 មានអាយុកាលក្នុងទីផ្សារយូរអង្វែង។ កត្តានេះបានជះឥទ្ធិពលដល់ការរចនា ដោយសារតែវាត្រូវតែធន់នឹងការសាកល្បងនៃការប្រើប្រាស់មានពេលវេលាយូរអង្វែង។ លោក Pandikuthira បានកត់សម្គាល់ថា៖ «ដូច្នេះ នឹងមានការងារជាច្រើនដែលកំពុងដំណើរការ ដើម្បីមើលថាតើវាវិវត្តទៅមុខដោយរបៀបណា។ ខ្ញុំមិនរំពឹងថារថយន្តនេះនឹងមានលក្ខណៈបុរាណសុទ្ធសាធទេ ដែលធ្វើឱ្យវាមើលទៅដូចជារថយន្តសេរីចាស់នោះទេ។ យើងត្រូវតែមើលវាថាជារថយន្តសេរីថ្មីទំនើប និងមានភាពរស់រវើក។ កាលពីជំនាន់មុននេះម៉ូឌែល R35 បានឈរជើងចាប់ពីឆ្នាំ 2007 រហូតដល់ឆ្នាំ 2024។ ដូច្នេះ ចូរយើងបង្កើតរថយន្តមួយដែលអាចរស់រានមានជីវិតបានយូរ ដោយគ្មានអ្វីដែលគ្រាន់តែជាភាពចម្រូងចម្រាស និងបែបបុរាណ ដែលមើលទៅលែងឡូយបន្ទាប់ពីរយៈពេល 6 ឆ្នាំ»។ ចំពោះការអត្ថាធិប្បាយអំពីចង្កៀងមុខរាងមូលពីលោក Weaver លោក Pandikuthira បាននិយាយថា៖ «នោះគឺជាអ្វីដែល Matt ចង់ឃើញ ហើយខ្ញុំក៏ចូលចិត្តចក្ខុវិស័យនោះដែរ។ តាមពិតទៅ ខ្ញុំបានឃើញនរណាម្នាក់មាន... មានរថយន្តគំរូ Z មួយដែលមានចង្កៀងមុខរាងមូលលិបចូលក្នុង ដែលកំពុងបើកបរនៅប្រទេសជប៉ុន គឺជារថយន្តគំរូដ៏ឡូយមែនទែន។ ហើយខ្ញុំស្រឡាញ់រូបរាងបែបនោះ។ ខ្ញុំគិតថាមានវិធីជាច្រើនដើម្បីធ្វើរឿងនោះ ដែលវាអាចមើលទៅបែបបុរាណ ប៉ុន្តែទំនើបខ្លាំងក្នុងពេលតែមួយ។ ហើយខ្ញុំគិតថានោះគឺជាចំណុចដែលយើងនឹងឈានទៅដល់»។
លោក Pandikuthira បានបញ្ជាក់ជាថ្មីអំពីរយៈពេលដែល Nissan ចង់ឱ្យរថយន្ត GT-R ជំនាន់ក្រោយឈរជើង ដោយនិយាយថា៖ «ប៉ុន្តែយើងចង់ឱ្យរថយន្តនោះរស់រានមានជីវិតចាប់ពីឆ្នាំ 2030 ដល់ ឆ្នាំ2045 ខ្ញុំមិនដឹងថាប្រហែលជាដល់ឆ្នាំនោះអត់រឺទេ?។ ដូច្នេះ វាត្រូវតែមើលទៅបែបអនាគតផងដែរ មែនទេ? ដូចជាវាមិនអាចគ្រាន់តែអ្វីៗគ្រប់យ៉ាងបែបបុរាណក្លាយជារបស់ថ្មីម្តងទៀតនោះទេ ប៉ុន្តែធាតុផ្សំនៃរចនាបថបុរាណធ្វើឱ្យរថយន្តមួយមើលទៅឡូយខ្លាំង ដូច្នេះយើងប្រាកដជានឹងធ្វើបែបនោះ។ ប៉ុន្តែខ្ញុំមិនចង់ឱ្យវាគ្រាន់តែមើលទៅដូចជារថយន្តចាស់នោះទេ។ វាគួរតែមើលទៅឡូយខ្លាំង ដើម្បីអាចឈរជើងបានរយៈពេល 15 ឆ្នាំទៅមុខទៀត»។
Nissan GT-R 2024
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
