Admin, 24 November 2026
ក្រុមហ៊ុន Nio Inc កាលពីថ្ងៃសៅរ៍ បានដាក់លក់រថយន្តម៉ូឌែលSpecial Edition នៃប្រភេទSUV អគ្គិសនីសុទ្ធលំដាប់កំពូលរបស់ខ្លួន គឺ Nio ES9 ដើម្បីអបអរសាទរខួបលើកទី 10 នៃម៉ាកយីហោ Nio និងឡូហ្គោរបស់ខ្លួន ដែលជាការពង្រីកស្រឡាយផលិតផលនៃម៉ូឌែលប្រណីតមួយនេះបន្ថែមទៀត។
ជម្រើសពិសេសនេះ ដែលត្រូវ បានដាក់ឈ្មោះថា Horizon Gilded Edition ដែលមានតម្លៃចាប់ផ្តើមពី 638,000 យន់ (ប្រហែល 95,040 ដុល្លារអាមេរិក) រាប់បញ្ចូលទាំងកញ្ចប់អាគុយ ដែលថ្លៃជាងជម្រើសកំពូលមុន Horizon Edition រហូតដល់ 10,000 យន់ប្រហែល1,500ដុល្លាអាមេរិក។នៅក្រោមគម្រោងជួលអាគុយ BaaS (Battery as a Service) ជម្រើសពិសេសនេះ មានតម្លៃចាប់ផ្តើមពី 75,900ដុល្លាអាមេរិក។ ក្រុមហ៊ុន Nio បាននិយាយថា អតិថិជនដែលកក់បញ្ជាទិញចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 នឹងទទួលបានសិទ្ធិប្រើប្រាស់គម្រោងបង់រំលស់រយៈពេល 5 ឆ្នាំ ដោយមិនបាច់បង់ប្រាក់កក់ (0 down payment) និងការប្រាក់ ០% សម្រាប់រយៈពេល 2 ឆ្នាំដំបូង, កញ្ចប់សំបុត្រយន្តហោះលំដាប់ប្រណីត (executive flight package), ប្រអប់កាដូប្រគល់រថយន្ត ES9 ផ្តាច់មុខ និងការប្រើប្រាស់ប្រព័ន្ធ NOP+ (Navigate on Pilot Plus) ដោយឥតគិតថ្លៃរយៈពេល 5 ឆ្នាំទៀតផង។ នៅផ្នែកខាងក្រៅ ម៉ូឌែលថ្មីនេះ ទទួលបានការច្នៃប្រឌិតពណ៌ដូចពន្លឺថ្ងៃរះនៅលើភ្នំ Tianshan ដែលផ្តល់នូវជម្រើសពណ៌តួរថយន្តចំនួន 3 ជម្រើសផ្សេងគ្នា ដូចជាពណ៌ខ្មៅ Deep Black, ពណ៌ក្រហម M42 Nebula Red និងពណ៌ស Cloud White ដែលអមមកជាមួយនឹងខ្សែបន្ទាត់ស្រោបមាសភ្លោះ (double gilded horizon waistline) រត់តាមបណ្តោយតួរថយន្តរបស់វាផងដែរ។
ដំណើរការបំផុសអោយមានខ្សែបន្ទាត់តាមបណ្តោយតួរថយន្តនេះ រួមមានការបាញ់ថ្នាំចំនួន 8 ស្រទាប់, ការស្ទីមកម្ដៅចំនួន 5ដង និងការប៉ូលាសម្អាតយ៉ាងល្អិតល្អន់រយៈពេល 109 ម៉ោង រាប់បញ្ចូលទាំងការប៉ូលាដោយដៃសុទ្ធរយៈពេល 75 ម៉ោង នេះបើយោងតាមក្រុមហ៊ុន Nioលើកឡើង។ រូបភាពបន្ថែមនៃរថយន្ត Nio Horizon Gilded Edition៖ ជម្រើសពិសេសនេះ ក៏ផ្តល់ជូននូវជម្រើសឡូហ្គោស្រោបមាស 24K ចំនួន 2 ប្រភេទ គឺពណ៌ប្រាក់ និងពណ៌មាសចាស់ អមជាមួយនឹងគម្របកណ្តាលយ៉ាន់កង់អណ្តែតស្រោបមាស 24K និងយ៉ាន់កង់ស្ពាន់ទំហំ 22 អ៊ីញ ម៉ូដែល Lanyue។ នៅខាងក្នុងកាប៊ីន យានយន្តនេះបានបន្ថែមនូវរចនាបថពណ៌ខាងក្នុងពីរពណ៌ឆ្លាស់គ្នា (two-tone) ចំនួន 2 ប្រភេទ និងបំពាក់មកជាមួយលោហធាតុអំបោះប៉ាក់ ជាមួយនឹងសិល្បៈប៉ាក់ម្ជុល (needle-punch embroidery) ជាលើកដំបូង ដោយឡូហ្គោរបស់ម៉ាកយីហោនៅលើខ្នើយទ្រក្បាលកៅអី ក៏មានប៉ាក់ស្រោបមាសផងដែរ។
រថយន្ត ES9 ត្រូវ បានដាក់លក់នៅក្នុងប្រទេសចិនកាលពីថ្ងៃទី 27 ខែឧសភា ឆ្នាំនេះ ដោយការលក់រថយន្តបានចាប់ផ្តើមនៅថ្ងៃបន្ទាប់។ កាលពីមុនយានយន្តនេះ វាមាន 3 ជម្រើស គឺ Executive Luxury, Executive Signature និង Horizon Edition — ជាមួយនឹងតម្លៃចាប់ផ្តើមចន្លោះពី 74,700 ដល់ 92,400ដុល្លាអាមេរិក រាប់បញ្ចូលទាំងអាគុយ។ ជម្រើសថ្មីត្រូវបានកំណត់តម្លៃខ្ពស់ជាងម៉ូឌែល ES8 ជាប្រភេទSUV 6 កៅអី ហើយ Nio ES9 ត្រូវបានបំពាក់មកជាមួយអាគុយសាកបានរហ័សក្រោមស្ថាបត្យកម្មវ៉ុលខ្ពស់ 900-volt និងបានឈានដល់សមិទ្ធផលក្នុងការលក់រថយន្តសរុបចំនួនរហូតដល់ 40,000 គ្រឿង កាលពីថ្ងៃទី 11 ខែវិច្ឆិកាកន្លងទៅនេះ។ ម៉ូដែល ES9 បានលក់រថយន្តចំនួន 6,714 គ្រឿង នៅក្នុងខែតុលា ដែលធ្លាក់ចុះ 12.87% ធៀបនឹងខែកញ្ញា ដែលនាំឱ្យការលក់រថយន្តសរុបគិតត្រឹមដំណាច់ខែតុលា ឡើងដល់ 38,917 គ្រឿង យោងតាមទិន្នន័យរបស់សមាគមរថយន្តអ្នកដំណើរចិន (CPCA) ដែលចងក្រងដោយ CnEVPost។ ការលក់រថយន្តរួមបញ្ចូលគ្នានៃម៉ូដែល ES9 និង ES8 បានឈានដល់ 15,452 គ្រឿង នៅក្នុងខែតុលា ដែលក្តោបក្តាប់បាន 85.25% នៃការលក់រថយន្តប្រចាំខែរបស់ម៉ាក Nio ចម្បង និងបង្ហាញពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ម៉ាកយីហោមួយនេះទៅលើរថយន្ត SUV ខ្នាតធំ។
ការដាក់លក់ម៉ូឌែលពិសេសនេះ កើតមានឡើងចំពេលដែលកំណើនការលក់រថយន្តសរុបរបស់ Nio Inc កំពុងប្រឈមមុខនឹងសម្ពាធ។ ក្រុមហ៊ុនបានលក់យានយន្តចំនួន 34,246 គ្រឿង នៅក្នុងខែតុលា ដែលធ្លាក់ចុះ 15.23% ធៀបនឹងឆ្នាំមុន ដែលជាការបញ្ចប់នូវកំណត់ត្រាកំណើនប្រចាំឆ្នាំរយៈពេល 31 ខែជាប់ៗគ្នា។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
