Admin, 4 hours ago
បើយោងតាមឯកសារចុះបញ្ជីចុងក្រោយបង្អស់ពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហាញរថយន្ត MG 07T ដែលជាម៉ូដែល Touring ស៊េរីថ្មីស្រឡាង បន្តការប្រើប្រាស់រចនារបស់ម៉ាកយីហោនេះ ខណៈដែលផ្តល់ជូនអតិថិជននូវជម្រើសពីរប្រភេទរវាងប្រព័ន្ធថាមពលអគ្គិសនីសុទ្ធ (EV) និង Plug-in Hybrid (PHEV)។ យើងធ្លាប់បានរាយការណ៍អំពីរថយន្តគំរូដើមដេលមានបិទស្កុតបន្លំភ្នែករបស់រថយន្តនេះម្តងរួចមកហើយកាលពីខែកញ្ញាកន្លងទៅ។
ការរចនា និងទំហំតួខ្លួនរថយន្ត
MG 07T មានផ្ទៃខាងមុខដែលរំលេចដោយភ្លើងរត់កាត់ពេញទទឹងរាងអក្សរ C និងបន្ទះប៉ាណាបឺតខ្យល់សកម្ម (active intake grille) ដែលរួមបញ្ចូលគ្នាជាមួយរន្ធខ្យល់ចំហៀង។ រថយន្តនេះ ក៏មានបំពាក់សេនស័រ LiDAR ដំឡើងលើដំបូលផងដែរ ដែលបង្ហាញពីសមត្ថភាពជំនួយការបើកបរកម្រិតខ្ពស់។ទម្រង់ផ្នែកខាងក្រោយ បង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណបែប Touring របស់វា ជាមួយនឹងថ្ពាល់កង់ពង្រីកធំទូលាយ, របារដាក់ឥវ៉ាន់លើដំបូល និងបណ្តុំចង្កៀងក្រោយពណ៌ស្រអាប់រត់កាត់ពេញទទឹង។រថយន្តនេះ មានទំហំតួខ្លួន៖ បណ្តោយប្រវែង 4,889 មីឡីម៉ែត្រ, ទទឹង 1,900 មីឡីម៉ែត្រ និងកម្ពស់ 1,485 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,825 មីឡីម៉ែត្រ។ វា នឹងបំពាក់មកជាមួយជម្រើសយ៉ាន់កង់ទំហំ 18 អ៊ីញ ឬ 19 អ៊ីញ។
ប្រព័ន្ធថាមពល
MG 07T ផ្តល់ជូននូវជម្រើសសមត្ថភាពដ៏សម្បូរបែប ដើម្បីបំពេញតាមតម្រូវការបើកបរផ្សេងៗគ្នា៖
- ជម្រើសអគ្គិសនីសុទ្ធ (Pure electric version)៖ ដោយបំពាក់ម៉ូទ័រទោល ម៉ូដែល EV នេះមានផ្តល់ជូននូវកម្លាំងពីរកម្រិត គឺ 176 kW (236 សេះ) និង 235 kW (315 សេះ)។ វា នឹងដំណើរការដោយអាគុយ Ternary Lithium ឬអាគុយ Lithium Iron Phosphate (LFP)ផងដែរ។
- ជម្រើស Plug-in Hybrid (PHEV)៖ ម៉ូដែលនេះ ផ្គូរផ្គងម៉ាស៊ីនចំហេះក្នុងកម្លាំង 82 kW ជាមួយនឹងម៉ូទ័រអគ្គិសនីកម្លាំង 152 kW (204 សេះ)។
ការតុបតែង និងជម្រើសបន្ថែម
គ្រឿងបរិក្ខារបន្ថែមសម្រាប់ម៉ូដែល 07T រួមមាន កញ្ចក់ថ្លាធម្មតា (non-privacy glass) សម្រាប់បង្អួចក្រោយ និងចំហៀង, ម៉ូដយ៉ាន់កង់ និងដុំហ្វ្រាំង (brake caliper) ជាច្រើនប្រភេទ, គ្រឿងតុបតែងថ្ពាល់កង់, ផ្លាកសញ្ញាខាងក្រោយជាក់លាក់ និងឧបករណ៍សណ្តោង។រថយន្ត MG 07 បច្ចុប្បន្ន បានដាក់លក់កាលពីខែសីហា ឆ្នាំនេះ ដោយមាន 7 ម៉ូដែល និងមានតម្លៃចាប់ផ្តើម 16,000 ដុល្លារអាមេរិក។ សម្រាប់ជាម៉ូឌែល MG 07 វាមានទំហំតួខ្លួនគឺ L:4,886mm / W:1,900mm /H:1,478mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 2,825mm។ វា បំពាក់ប្រព័ន្ធបូមខាងមុខប្រភេទ McPherson struts និងប្រព័ន្ធបូមខាងក្រោយប្រភេទ Multi-link ជាមួយនឹងការកំណត់ភាពរឹងទន់នៃបូមបាន (adjustable damping)។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
