Admin, 26 November 2026
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ថា ប្រទេសបារាំងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីផែនការរបស់ក្រុមហ៊ុន BYD ក្នុងការផលិតរថយន្តនៅភាគខាងកើតប្រទេសបារាំង នៅក្នុងកិច្ចប្រជុំកំពូលវិនិយោគ Choose France នាថ្ងៃទី 18 ខែមករា ឆ្នាំ 2027។ ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ កំពុងស្ថិតក្នុងកិច្ចពិភាក្សាផ្តាច់មុខ ដើម្បីទិញយករោងចក្ររបស់ក្រុមហ៊ុន Ineos នៅទីក្រុង Hambach ដែលនឹងផ្តល់ឱ្យខ្លួននូវរោងចក្រផលិតរថយន្តអ្នកដំណើរទីពីរនៅក្នុងសហភាពអឺរ៉ុប (EU) បន្ថែមពីលើរោងចក្រថ្មីរបស់ខ្លួនដែលមាននៅក្នុងប្រទេសហុងគ្រី។
លោក Macron បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី 24 ខែវិច្ឆិកា ដោយសំដៅទៅលើតំបន់ភាគខាងកើតប្រទេសបារាំង ជាទីតាំងដែលទីក្រុង Hambach ស្ថិតនៅថា៖ «ក្រុមហ៊ុន BYD កំពុងធ្វើការជាមួយប្រទេសបារាំង លើទីតាំងឧស្សាហកម្មមួយនៅតំបន់ Moselle»។ លោកបានផ្តល់ការកោតសរសើរចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក និងកិច្ចខិតខំប្រឹងប្រែងនៅកម្រិតសហភាពអឺរ៉ុប ក្នុងការលើកទឹកចិត្តក្រុមហ៊ុនផលិតរថយន្តឱ្យផលិតយានយន្តនៅក្នុងទ្វីបអឺរ៉ុប ដែលជាគោលដៅដែលលោកបានគូសបញ្ជាក់នៅក្នុងពិព័រណ៍យានយន្ត Paris Motor Show កាលពីខែតុលា។ ក្រុមហ៊ុន BYD បាននិយាយថា ខ្លួនចង់ប្រើប្រាស់រោងចក្រ Hambach ដើម្បីផលិតរថយន្តសម្រាប់អ្នកទិញនៅអឺរ៉ុប។ សំណើនៃការទិញនេះ ត្រូវស្ថិតក្រោមការពិគ្រោះយោបល់ជាមួយតំណាងបុគ្គលិក។ BYD មិនទាន់បានបញ្ចេញឈ្មោះម៉ូដែលដែលខ្លួននឹងផលិតនៅប្រទេសបារាំង កំណត់គោលដៅផលិតកម្ម ឬប្រាប់ពីពេលវេលាដែលរថយន្តដំបូងរបស់ខ្លួននឹងចេញពីខ្សែសង្វាក់ផលិតកម្មនៅឡើយទេ។
អតីតរោងចក្ររបស់ក្រុមហ៊ុន Mercedes-Benz ដែលផលិតយានយន្តម៉ាក Smart មួយនេះ មានបុគ្គលិកប្រហែល 900 នាក់ ដោយបានថយចុះពី 1,200 នាក់ បន្ទាប់ពីការកាត់បន្ថយកាលពីដើមឆ្នាំ 2025។ បច្ចុប្បន្ន ក្រុមហ៊ុន Ineos ដែលជាក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមានជំនាញខាងយានយន្ត Off-road ធុនធ្ងន់ គឺជាម្ចាស់កម្មសិទ្ធិ។ បច្ចុប្បន្ន វាផលិតរថយន្តតែពីរម៉ូដែលប៉ុណ្ណោះ៖ គឺរថយន្ត Off-road ម៉ូដែល Grenadier និងវគ្គ Pickup របស់វាដែលមានឈ្មោះថា Quartermaster។ វា អាចផលិតរថយន្ត Grenadier បានប្រហែល 30,000 គ្រឿង ក្នុងមួយឆ្នាំ។ សហរដ្ឋអាមេរិក ក្តោបក្តាប់ប្រហែល 70% នៃការលក់រថយន្ត Grenadier នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Ineos បានជ្រើសរើសទីតាំងផលិតកម្មនៅសហរដ្ឋអាមេរិកក្នុងបញ្ជីសម្រាំងរួចហើយ ហើយរំពឹងថានឹងជ្រើសរើសទីតាំងមួយក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ក្រុមហ៊ុនមានគោលដៅចាប់ផ្តើមផលិតយានយន្តនៅទីនោះក្នុងឆ្នាំ 2028។
លោកស្រី Lynn Calder អគ្គនាយកប្រតិបត្តិនៃ INEOS Automotive បានមានប្រសាសន៍ថា៖ «នេះអាចនិយាយបានថា ជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ INEOS Automotive។ ជនជាតិអាមេរិក បានទទួលយករថយន្ត Grenadier រួចទៅហើយ ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកបានបង្កើតបរិយាកាសសេដ្ឋកិច្ចដ៏ទាក់ទាញ និងអំណោយផលដល់កំណើន ការបង្កើតផលិតកម្មនៅទីនោះ គឺពិតជាសមហេតុផលបំផុត វានឹងអនុញ្ញាតឱ្យយើងវិនិយោគ ពង្រីកខ្លួន និងឈានទៅដល់អតិថិជនកាន់តែច្រើននៅទូទាំងពិភពលោក»។ កិច្ចពិភាក្សានេះ កើតមានឡើងរយៈពេល 4 ខែ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Ineos លោក Jim Ratcliffe បានជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ការពារឧស្សាហកម្មគីមីរបស់អឺរ៉ុបពី «ការប្រកួតប្រជែងដោយអយុត្តិធម៌»។ នៅក្នុងលិខិតចុះថ្ងៃទី 6 ខែកក្កដារបស់លោក លោក Ratcliffe បានចោទប្រកាន់ប្រទេសចិនថា បានបង្កើតសមត្ថភាពផលិតសារធាតុគីមីលើសតម្រូវការដោយចេតនា និងលក់ផលិតផលដែលលើសនោះនៅក្នុងទ្វីបអឺរ៉ុប ក្នុងតម្លៃដែលលោកនិយាយថា កំពុងបង្ខំឱ្យរោងចក្រនៅអឺរ៉ុបត្រូវបិទទ្វារ។ ផែនការរបស់ក្រុមហ៊ុន BYD សម្រាប់ប្រទេសហុងគ្រី កំពុងឈានទៅមុខកាន់តែឆ្ងាយជាងនេះ។ ការផលិតក្នុងបរិមាណច្រើន (mass production) នៅឯរោងចក្រ Szeged របស់ខ្លួន ត្រូវ បានរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំ 2027។ រថយន្ត Hatchback អគ្គិសនី Dolphin Surf និងរថយន្ត SUV ខ្នាតតូច Atto 2 ស្ថិតក្នុងចំណោមម៉ូដែលដែលត្រូវបានរំពឹងថានឹងផលិតនៅទីនោះ នេះបើយោងតាមការរាយការណ៍របស់ Automotive News Europe។
ក្រុមហ៊ុន BYD បានចុះបញ្ជីរថយន្តថ្មីចំនួន 5,419 គ្រឿង នៅក្នុងប្រទេសបារាំងកាលពីខែតុលា ដែលកើនឡើង 431% ធៀបនឹងឆ្នាំមុន យោងតាមតួលេខពី L’Argus។ តួលេខនោះ បានផ្តល់ឱ្យក្រុមហ៊ុននូវចំណែកទីផ្សារ 3.6% នៃទីផ្សាររថយន្តថ្មីរបស់ប្រទេសបារាំង។
ការទិញយករោងចក្រ Hambach នឹងផ្តល់ឱ្យ BYD នូវខ្សែសង្វាក់ដំឡើងដែលមានស្រាប់ និងកម្លាំងពលកម្មដែលបានទទួលការបណ្តុះបណ្តាលរួចជាស្រេច។ រថយន្តដែលផលិតនៅទីនោះ នឹងជៀសផុតពីពន្ធគយ 27% របស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីសុទ្ធរបស់ BYD ដែលផលិតនៅប្រទេសចិន ដែលរួមបញ្ចូលគ្នារវាងពន្ធនាំចូលស្តង់ដារ 10% និងពន្ធប្រឆាំងការឧបត្ថម្ភធន 17%។ រថយន្តប្រភេទ PHEV (Plug-in Hybrids) ដែលផលិតនៅប្រទេសបារាំង ក៏នឹងស្ថិតនៅក្រៅកូតារបស់សហភាពអឺរ៉ុប លើការនាំចូលរថយន្ត Hybrid ពីប្រទេសចិនផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
