Admin, 25 November 2026
ក្រុមហ៊ុន Lynk & Co ដែលជាម៉ាកយីហោស្ថិតនៅក្រោមក្រុមហ៊ុន Geely Auto បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមបើកទទួលការលក់មុន (pre-sales) សម្រាប់រថយន្ត SUV 7 កៅអី ម៉ូដែល 900L នៅចុងសប្តាហ៍នេះ ដែលជាការជំរុញការដាក់ចេញលក់នៃម៉ូដែល Plug-in Hybrid ខ្នាតធំមួយនេះឱ្យកាន់តែលឿន។ Lynk & Co បាននិយាយថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍បើកសម្ពោធការលក់មុនជាសកលសម្រាប់ម៉ូដែល 900L នៅថ្ងៃទី 27 ខែវិច្ឆិកា ដោយកំណត់យករថយន្ត SUV បង្គោលខ្នាតធំ 7 កៅអីមួយរបស់ខ្លួនមួយនេះ ជាម៉ូដែល Super Electric Hybrid កម្រិត 900V។
ម៉ាកយីហោមួយនេះ មិនទាន់បានបង្ហាញពីតម្លៃសម្រាប់ម៉ូដែល 900L នៅឡើយទេ ដែលត្រូវ បានកំណត់កាលវិភាគថានឹងដាក់លក់ជាផ្លូវការមុនដំណាច់ឆ្នាំ 2026។ បើតាមឯកសារយោង រថយន្ត Lynk & Co 900 ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ វាមានតម្លៃចាប់ផ្តើមពី 299,800 យន់ (ប្រហែល 44,670 ដុល្លារអាមេរិក)។ ម៉ូដែល 900L បានបង្ហាញខ្លួនជាលើកដំបូងកាលពីដើមខែនេះ ដោយបន្ថែមនូវជម្រើស 7 កៅអី ប្លង់ 2+2+3 ទៅក្នុងជម្រើស 6កៅអី និង 5 កៅអី ដែលមានស្រាប់នៃស៊េរី 900 ខណៈដែលខ្លួនវាមានគោលដៅក្នុងប្រកួតប្រជែងបន្ថែមទៀតនៅក្នុងទីផ្សាររថយន្ត SUV ប្រភេទ PHEV ខ្នាតធំ ដែលកំពុងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងប្រទេសចិន។
យានយន្តថ្មីនេះ មានវិមាត្រតួខ្លួន៖ បណ្តោយប្រវែង 5,280 មីឡីម៉ែត្រ, ទទឹង 1,999 មីឡីម៉ែត្រ និងកម្ពស់ 1,810 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 3,170 មីឡីម៉ែត្រ។ បើប្រៀបធៀបទៅនឹងម៉ូដែល 900 បច្ចុប្បន្ន វាមានប្រវែងវែងជាង 40 មីឡីម៉ែត្រ ដោយទាំងកម្ពស់ និងប្រវែងចន្លោះកង់មុខក្រោយបានកើនឡើង 10 មីឡីម៉ែត្រ ខណៈដែលទទឹងនៅតែរក្សាដដែល។ ម៉ូដែល 900L ត្រូវ បានបំពាក់ដោយប្រព័ន្ធ Plug-in Hybrid សម្រាប់ប្រភេទ 4WD ដែលមានបំពាក់មកដោយម៉ាស៊ីនសាំង 2.0T និងម៉ូទ័រឌុប ដោយម៉ាស៊ីនសាំងផ្តល់កម្លាំងអតិបរមា 160 kW (215 សេះ) នេះបើយោងតាមព័ត៌មានដែលបានចុះផ្សាយកាលពីពេលមុន។ ម៉ូដែលនេះ បំពាក់មកជាមួយនូវកញ្ចប់អាគុយ Ternary Lithium ដែលមានសមត្ថភាពថាមពល 55 kWh និង 70 kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុនរួមទុនរវាង CATL និង Geely ដែលផ្តល់នូវរយៈចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធតាមស្តង់ដារ WLTC ចំនួន 245គីឡូម៉ែត្រ និង 320 គីឡូម៉ែត្រ រៀងៗខ្លួន។ លំហកាប៊ីនខាងក្នុង និងភាពបត់បែន គឺជាចំណុចលក់ដ៏សំខាន់នៃម៉ូដែល 900L។ កៅអីជួរទីពីរទាំង 2 របស់វា សុទ្ធតែបំពាក់មកជាមួយបច្ចេកវិទ្យាការបង្វិលដោយប្រព័ន្ធអគ្គិសនីបាន 180 អង្សារ ដែលអនុញ្ញាតឱ្យពួកវាបែរមុខទៅរកជួរទីបី ដើម្បីបង្កើតជាកន្លែងអង្គុយបែរមុខទល់មុខគ្នា ដែលមានចម្ងាយអតិបរមា 1.7 ម៉ែត្រ។ បន្ថែមពីនេះ កាប៊ីនខាងមុខមានបំពាក់អេក្រង់ភ្លោះទំហំ 30 អ៊ីញ និងប្រព័ន្ធសំឡេង Harman Kardon បាសចំនួន 31 គ្រាប់ ខណៈដែលសេនស័រ LiDAR ត្រូវ បានបង្កប់នៅផ្នែកខាងមុខនៃដំបូល។
Lynk & Co បានដាក់លក់ម៉ូដែល 900 ជម្រើស 6កៅអី កាលពីខែមេសា ឆ្នាំ 2025 និងបានបន្ថែមជម្រើស 5 កៅអី នៅក្នុងខែមេសា ឆ្នាំនេះ។ ដោយត្រូវ បានបង្កើតឡើងនៅលើស្ថាបត្យកម្មអគ្គិសនី Hybrid ខ្នាតធំ SPA Evo ស៊េរី 900 ប្រកួតប្រជែងជាចម្បងជាមួយម៉ូដែល ដូចជា Li L9 របស់ក្រុមហ៊ុន Li Auto Denza N9 និង Aito M9។ ការពង្រីកស្រឡាយរថយន្តបង្គោលលំដាប់កំពូលរបស់ខ្លួននេះ កើតមានឡើងចំពេលដែល Lynk & Co កំពុងប្រឈមមុខនឹងសម្ពាធលើកំណើននៃការលក់។ ម៉ាកយីហោមួយនេះ លក់យានយន្តបានចំនួន 21,985 គ្រឿង នៅក្នុងខែតុលា ដែលធ្លាក់ចុះ 45.40% ធៀបនឹងឆ្នាំមុន និងកើនឡើង 18.74% ធៀបនឹងខែមុន យោងតាមទិន្នន័យដែលចងក្រងដោយ CnEVPost។ នៅក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះ Lynk & Co លក់យានយន្តបានសរុបចំនួន 218,075 គ្រឿង ដែលធ្លាក់ចុះ 22.58% ធៀបនឹងឆ្នាំមុន។Lynk & Co 900: (Credit: Lynk &Co)
Lynk & Co 900: (Credit: Lynk &Co)
Lynk & Co 900 interrior: (Credit: Lynk &Co)
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
