Admin, 26 November 2026
តើអ្នកអាចធ្វើឱ្យរថយន្ត Supercar អ៊ីតាលីដ៏កាចសាហាវដែលមានរង្វាស់ជុំម៉ាស៊ីនរហូតដល់ 10,000rpm រួចទៅហើយនោះ កាន់តែអស្ចារ្យជាងមុនដោយរបៀបណា? ងាយស្រួលណាស់៖ ដោះដំបូលរបស់វាចេញ ហើយបង្កើនកម្រិតជុំម៉ាស៊ីនអតិបរមា (redline) ឱ្យកាន់តែខ្ពស់ជាងមុន។ នោះគឺជាអ្វីដែលកំពុងកើតឡើងជាមួយរថយន្ត Lamborghini Temerario Spyder ឆ្នាំ 2027 ស៊េរីថ្មីមួយនេះ។ វានៅតែរក្សាបាននូវភាពខ្លាំងក្លាទាំងអស់នៃម៉ូដែល Temerario «ធម្មតា» ប៉ុន្តែវាបានបង្កើនដែនកំណត់រង្វាស់ជុំម៉ាស៊ីនរហូតដល់ 10,250rpm និងបើកដំបូលចំហ ដើម្បីឱ្យអ្នកអាចស្តាប់សំឡេងម៉ាស៊ីនរបស់វាបានកាន់តែច្បាស់។
ជាការពិតណាស់ វាមិនមែនគ្រាន់តែដោះដំបូលចេញប៉ុណ្ណោះទេ។ វាគ្រាន់តែលាក់ទុកដំបូលនោះតាមរយៈប្រព័ន្ធដំបូលរឹងបត់បែនបានពេញលេញ (fully retractable hardtop) ដែលជាលើកដំបូងសម្រាប់ Lambo នៅក្នុងផ្នែកយានយន្តប្រភេទនេះ។ កាលពីមុន រថយន្តទាំងអស់នៅក្នុងត្រកូលនេះសុទ្ធតែប្រើដំបូលក្រណាត់ទន់ (soft tops)។ នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្ត ប្រព័ន្ធដំបូលនេះប្រើប្រាស់ម៉ូទ័របញ្ជាអគ្គិសនី (electric actuators) ចំនួន 10 ដើម្បីទម្លាក់ និងលើកដំបូលឡើងបានយ៉ាងឆាប់រហ័ស និងស្ងាត់ល្អ ដោយរក្សាទុកវាក្នុងទម្រង់បញ្ឈរនៅពីក្រោយកៅអី ដែលនេះជាមូលហេតុធ្វើឱ្យ Lamborghini អាចរក្សាទុកគម្របម៉ាស៊ីនកញ្ចក់ថ្លា (see-through engine cover) នៅលើម៉ូដែល Spyder នេះបាន។ នៅពេលបើកដំបូលចំហ ចំណុចទំនាញកណ្តាល (center of gravity) ធ្លាក់ចុះ 3 មីឡីម៉ែត្រ បើប្រៀបធៀបទៅនឹងទម្រង់បិទដំបូល ខណៈដែលទីតាំងតាមបណ្តោយរបស់វានៅតែដូចគ្នាស្ទើរតែទាំងស្រុង ហើយការបែងចែកទម្ងន់របស់រថយន្តក៏មិនមានការប្រែប្រួលដែរ។ នេះមានន័យថា លំនឹង និងថាមពលនៃការបើកបររបស់រថយន្តបើកដំបូលមួយនេះ នៅតែល្អឥតខ្ចោះដូចគ្នាទៅនឹងម៉ូដែលដំបូលបិទ (coupe) ដែរ។ យោងតាម Lambo ការរៀបចំដំបូលបែបប្រពៃណីដែលលាក់ទុកក្នុងទម្រង់ផ្តេក នឹងធ្វើឱ្យចំណុចទំនាញកណ្តាលកើនឡើងប្រហែល 7 មីឡីម៉ែត្រ និងរំកិលទៅផ្នែកអ័ក្សកង់ក្រោយចំនួន 11 មីឡីម៉ែត្រ។
ម៉ាស៊ីន V8 Twin-Turbo ចំណុះ 4.0 លីត្រ ដ៏មានអានុភាព ជាមួយនឹងម៉ូទ័រអគ្គិសនី axial-flux ចំនួនបី នៅតែរក្សាដដែល រួមជាមួយនឹងកម្លាំង 907 សេះ ដែលក្នុងនោះកម្លាំង 118 សេះ បានមកពីប្រព័ន្ធអគ្គិសនី។ ប្រអប់លេខអូតូ dual-clutch 8 វគ្គ (eight-speed dual-clutch transmission) អនុញ្ញាតឱ្យវាស្ទុះ 0-96 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 2.8 វិនាទី ដោយសារប្រព័ន្ធបើកបរ 4WD ប្រើថាមពលអគ្គិសនីជំនួយ និងអាចឈានដល់ល្បឿនអតិបរមា ប្រហែល 343 គីឡូម៉ែត្រ/ម៉ោង។ វានឹងកាន់តែអស្ចារ្យថែមទៀត ប្រសិនបើអ្នកអាចបើកដល់ល្បឿននោះក្នុងពេលបើកដំបូលចំហ។ ក្រៅពីសមត្ថភាពក្នុងការផ្តល់នូវលំហខាងលើក្បាលគ្មានដែនកំណត់ ម៉ូដែល Spyder មិនមានភាពខុសប្លែកគ្នាច្រើនប៉ុន្មាននោះទេ។ ជាការពិតណាស់ រថយន្តបើកដំបូលតែងតែមើលទៅឡូយជាង ដូច្នេះអ្នកនឹងទទួលបានមោទនភាពបន្ថែមទៀត នៅពេលអ្នកទិញវាមួយគ្រឿង។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
