Admin, 6 hours ago

         ក្រុមហ៊ុនមេរបស់ Jeep គឺ Stellantis និងក្រុមហ៊ុន Dongfeng បានព្រមព្រៀងគ្នាកាលពីខែឧសភា ក្នុងការផលិតរថយន្ត SUV ប្រភេទ NEV ម៉ាក Jeep ចំនួនពីរម៉ូដែល នៅឯរោងចក្ររបស់ពួកគេក្នុងទីក្រុងវូហាន សម្រាប់ដាក់លក់នៅក្នុងប្រទេសចិន និងក្រៅប្រទេស។ រោងចក្រនេះ កំពុងផលិតរថយន្ត Peugeot និង Citroën ប្រើម៉ាស៊ីនសាំងរួចទៅហើយ។ ដៃគូទាំងពីរ ក៏មានផែនការផលិតម៉ូដែល Peugeot ប្រើថាមពលអគ្គិសនីចំនួនពីរនៅទីនោះផងដែរ។

ប្រធានក្រុមហ៊ុន Jeep ប្រចាំទ្វីបអឺរ៉ុប លោក Fabio Catone បាននិយាយកាលពីខែមិថុនា ថា រថយន្ត SUV ខ្នាតធំនេះ នឹងត្រូវដាក់លក់ទាំងនៅក្នុងប្រទេសចិន និងទ្វីបអឺរ៉ុប។ ម៉ូដែលលំដាប់ D-segment មួយនេះ នឹងមានទំហំធំជាងម៉ូដែល Compass ហើយប្រើប្រាស់គ្រោងឆ្អឹង (platform) ថ្មីដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Dongfeng នេះបើយោងតាមលោក Fabio Carli ប្រធានផ្នែកទីផ្សារផលិតផលរបស់ Jeep នៅអឺរ៉ុប។ ក្រុមហ៊ុន Jeep មិនទាន់បានបញ្ជាក់ថា តើនេះគឺជារថយន្ត SUV ដែលខ្លួនមានផែនការដាក់លក់នៅប្រទេសចិនក្នុងឆ្នាំ 2027 ឬយ៉ាងណានៅឡើយទេ។ ប្រទេសកាណាដា និងម៉ិកស៊ិក ស្ថិតក្នុងចំណោមទីផ្សារនាំចេញដែលបានគ្រោងទុកសម្រាប់រថយន្ត Jeep ទាំងនេះ។ លោក Lv Haitao អគ្គនាយកនៃក្រុមហ៊ុន Dongfeng Stellantis Automotive Technology បានច្រានចោលលទ្ធភាពនៃការលក់នៅសហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែកញ្ញា នេះបើយោងតាមការរាយការណ៍របស់ Automotive News។ ទ្វីបអឺរ៉ុប ក៏ស្ថិតក្នុងចំណោមទីផ្សារដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងកាលពីខែកញ្ញារបស់ដៃគូទាំងពីរជាមួយក្រុមហ៊ុន Momenta ដើម្បីអភិវឌ្ឍប្រព័ន្ធជំនួយការបើកបរសម្រាប់ម៉ាក Jeep និង Peugeot ផងដែរ។


កាលពីឆ្នាំ 2022 ក្រោមការដឹកនាំរបស់អតីតអគ្គនាយកប្រតិបត្តិ លោក Carlos Tavares ក្រុមហ៊ុន Stellantis បានបញ្ចប់ក្រុមហ៊ុនរួមទុនផលិតរថយន្ត Jeep ជាមួយក្រុមហ៊ុន GAC ហើយបានផ្លាស់ប្តូរទៅលក់រថយន្ត Jeep នាំចូលនៅក្នុងប្រទេសចិនវិញ។ ក្រុមហ៊ុនរួមទុននោះ ធ្លាប់បានផលិតម៉ូដែល Cherokee, Compass, Renegade និង Grand Commander។ ប្រវត្តិសាស្ត្រនៃការផលិតរបស់ Jeep នៅក្នុងប្រទេសចិន មានតាំងពីឆ្នាំ 1985 នៅពេលដែលក្រុមហ៊ុន American Motors បានចាប់ផ្តើមដំឡើងរថយន្ត Cherokee នៅទីក្រុងប៉េកាំង។ នៅក្នុងខែតុលា ឆ្នាំ 2023 ខណៈពេលដែលលោក Tavares នៅធ្វើជាអគ្គនាយកប្រតិបត្តិនៅឡើយ ក្រុមហ៊ុន Stellantis បានយល់ព្រមទិញភាគហ៊ុនប្រហែល 20% នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Leapmotor និងបង្កើតក្រុមហ៊ុនរួមទុនមួយ ដើម្បីផលិត និងលក់យានយន្ត Leapmotor នៅក្រៅប្រទេសចិន (Greater China)។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)