Admin, 28 November 2026

       ក្រុមហ៊ុន Jeep មានផែនការដាក់លក់រថយន្ត SUV ដែលផលិតនៅប្រទេសចិននៅក្នុងឆ្នាំ 2027 ជាមួយនឹងប្រព័ន្ធជំនួយការបើកបរ (driver-assistance system) ដែលខ្លួនកំពុងអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Momenta ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម (startup) បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ចិន។ នៅក្នុងសន្និសីទយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Jeep កាលពីថ្ងៃទី 25 ខែវិច្ឆិកា នៅទីក្រុងក្វាងចូវ (Guangzhou) ដៃគូទាំងពីរបាននិយាយថា ម៉ូដែលដំបូងរួមគ្នារបស់ពួកគេ នឹងឈានចូលដល់ខ្សែសង្វាក់ផលិតកម្មនៅឆ្នាំក្រោយ។

រថយន្ត SUV ស៊េរីថ្មីនេះ នឹងក្លាយជាយានយន្តថាមពលថ្មី (NEV)។ និយាយម្យ៉ាងទៀត វានឹងជាប្រភេទអគ្គិសនីប្រើអាគុយសុទ្ធ (BEV) ឬប្រភេទ Plug-in Hybrid (PHEV) ហើយនឹងមានផ្តល់ជូនទាំងពីរជម្រើស ដែលជារឿងធម្មតានៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Jeep បានសម្រេច និងកំណត់ការរចនារបស់យានយន្តនេះជាស្ថាពរហើយ បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវ និងការពិនិត្យឡើងវិញជាច្រើនដង នេះបើយោងតាមសារព័ត៌មាន Cailian Press។​​ប្រព័ន្ធជំនួយការបើកបរ ADAS ត្រូវបានរចនាឡើងដើម្បីជួយអោយអ្នកបើកបរនៅលើផ្លូវក្នុងក្រុង និងផ្លូវហាយវេ ជួយសំរួលក្នុងការចូលចត និងដំណើរការលើផ្លូវលំបាក (off-road) នៅលើផ្ទៃផ្លូវ ដូចជា ភក់ ខ្សាច់ និងព្រិល។ ក្រុមហ៊ុន Momenta បាននិយាយថា មុខងារ off-road កំពុងត្រូវបានអភិវឌ្ឍសម្រាប់ស្ថានភាពផ្លូវដែលគ្មានគំនូសបែងចែកគន្លងផ្លូវ និងលក្ខខណ្ឌផ្ទៃផ្លូវដែលអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ Momenta ហៅប្រព័ន្ធនេះថា All-terrain ADAS (ប្រព័ន្ធជំនួយការបើកបរគ្រប់ស្ថានភាពផ្លូវ)។

ក្រុមហ៊ុន Jeep មានផែនការនាំម៉ូដែលជាច្រើននៅក្នុងប្រទេសចិន ក្នុងរយៈពេលបីឆ្នាំខាងមុខ ស្រឡាយផលិតផលរបស់ខ្លួន នឹងរួមបញ្ចូលទាំងរថយន្តនាំចូល និងរថយន្តដែលផលិតក្នុងស្រុក ជាមួយនឹងជម្រើសម៉ាស៊ីនសាំង, Plug-in Hybrid និងអគ្គិសនីប្រើអាគុយសុទ្ធ ក្នុងតម្លៃចាប់ពីកម្រិតដំបូង (entry-level) រហូតដល់កម្រិតប្រណីត (luxury)។ Jeep មានគោលដៅបង្កើតហាងចែកចាយផ្លូវការឱ្យបានច្រើនជាង 160 កន្លែង នៅទូទាំង 130 ទីក្រុង របស់ប្រទេសចិន ត្រឹមដំណាច់ឆ្នាំ 2027 និងច្រើនជាង 220 កន្លែង នៅទូទាំង 175 ទីក្រុង ត្រឹមដំណាច់ឆ្នាំ 2028។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)