Admin, 26 November 2026
រថយន្តប្រភេទ Sedan បានស្ថិតក្នុងស្ថានភាពលំបាកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែពួកវាមិនទាន់ត្រូវ បានបាត់មុខពីទីផ្សារនៅឡើយទេ។ មធ្យោបាយដ៏ងាយស្រួលបំផុត គឺការពន្យារអាយុកាលនៃម៉ូដែលដែលមានស្រាប់ ដោយរក្សាវត្តមាននៅក្នុងផ្នែកទីផ្សារពាក់ព័ន្ធ ដោយមិនចាំបាច់ចំណាយដើមទុនច្រើន។ ប៉ុន្តែនោះមិនមែនជាអ្វីដែល Hyundai កំពុងធ្វើនោះទេ។ រថយន្តខ្នាតតូច Elantra ទើបតែទទួលបានការរចនាឡើងវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងបន្ទះតួខ្លួនដ៏ស្មុគស្មាញ និងផ្គុំឡើងយ៉ាងជាក់លាក់ ដែលទំនងជាត្រូវចំណាយថ្លៃផលិតខ្ពស់ប្រហាក់ប្រហែលនឹងការចំណាយលើវិស្វកម្មរចនាដែរ។ នោះគឺដោយសារតែ Hyundai ដឹងច្បាស់ថា រថយន្ត SUV មិនមែនជាចម្លើយតែមួយគត់គ្រប់ពេលនោះទេ។
អនុប្រធានជាន់ខ្ពស់ផ្នែកផែនការផលិតផលនៃក្រុមហ៊ុន Hyundai Motor អាមេរិកខាងជើង លោកស្រី Olabisi Boyle បានប្រាប់សារព័ត៌មានក្នុងស្រុកនៅក្នុងបទសម្ភាសន៍មួយនាពិព័រណ៍យានយន្ត Los Angeles Auto Show ឆ្នាំ 2026 ថា ទោះបីជាអាមេរិក «ស្រឡាញ់រថយន្ត SUV» ក៏ដោយ ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើតម្លៃសមរម្យ (affordability) បានធ្វើឱ្យអតិថិជនជាច្រើនងាកមកពិចារណាលើរថយន្ត Sedan ម្តងទៀត។ លោកស្រី Boyle បានមានប្រសាសន៍ថា៖ «អ្វីដែលយើងបានរកឃើញនៅក្នុងឆ្នាំកន្លងទៅ ជាពិសេសជាមួយនឹងការផ្តោតលើតម្លៃសមរម្យ គឺមានមនុស្សផ្សេងទៀតដែលគិតថា 'ខ្ញុំនឹងប្តូរទៅប្រើរថយន្ត Sedan វិញ'» ដោយលោកស្រីបានបន្ថែមថា ម៉ាកយីហោផ្សេងទៀតក៏បានមើលឃើញការលក់រថយន្ត Sedan កើនឡើងស្ទើរតែដល់កម្រិតនៃរថយន្ត SUV ដែលអាចប្រៀបធៀបគ្នាបានផងដែរ។ ហើយនោះគឺជាមូលហេតុដែល Hyundai អាចបង្ហាញហេតុផលសមស្របក្នុងការចំណាយប្រាក់ ដើម្បីប្រែក្លាយរថយន្ត Elantra ដ៏សាមញ្ញ ឱ្យទៅជារថយន្តដែលមានរចនាបថបែបបុរាណលាយអនាគតដ៏គួរឱ្យទាក់ទាញ (retro-futuristic fever dream)។
នៅពេលដែលគេត្រូវ បានសួរថាតើរថយន្ត Sedan សក្តិសមនឹងការវិនិយោគដែរឬទេ លោកស្រី Boyle បានឆ្លើយតបថា៖ «ចាស ពួកវាតែងតែសក្តិសមសម្រាប់ពួកយើង ហើយពួកវានឹងនៅតែបន្តដូច្នេះជានិច្ច។ វានឹងតែងតែមានទីផ្សារសម្រាប់រថយន្តប្រភេទនេះ។ ខ្ញុំគ្រាន់តែគិតថា យ៉ាងហោចណាស់ក្នុងរយៈពេលខ្លីខាងមុខ វាមិនច្រើនដូចរថយន្ត SUV នោះទេ»។ សូមកុំច្រឡំរឿងនេះថា Hyundai កំពុងបោះទុនទាំងស្រុងទៅលើរថយន្ត Sedan ឱ្យសោះ ក្រុមហ៊ុនផលិតរថយន្តមួយនេះ កំពុងបោះជំហានចូលទៅក្នុងទីផ្សាររថយន្ត Pickup និង SUV ប្រភេទគ្រោងឆ្អឹងរឹងមាំ (body-on-frame) ហើយជាមួយនឹងការបញ្ឈប់ផលិតវគ្គធម្មតា (non-N version) នៃម៉ូដែល Ioniq 6 ហើយក្រុមហ៊ុននៅសល់រថយន្ត Sedan ពីរម៉ូឌែលប៉ុណ្ណោះរបស់ខ្លួនសម្រាប់ទីផ្សារទូទៅ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ប៉ុន្តែយើងអាចសង្ឃឹមថា ម៉ូដែល Sonata នឹងទទួលបានការរចនាឡើងវិញស្រដៀងគ្នាទៅនឹង Elantra ជាជាងការបញ្ចប់វត្តមានបាត់ពីទីផ្សារ។
ក្រុមហ៊ុនផលិតរថយន្តនានា កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងជាងពេលណាៗទាំងអស់ ទៅលើការផលិតតែយានយន្តណាដែលរកប្រាក់ចំណេញបានច្រើនបំផុត ដែលនេះជាកត្តាចម្បងមួយក្នុងការគ្របដណ្តប់ទីផ្សាររថយន្តថ្មីដោយរថយន្ត SUV។ ប៉ុន្តែរថយន្តមិនមែនជាជម្រើសដែលត្រូវនឹងតម្រូវការមនុស្សគ្រប់គ្នាតែមួយប្រភេទនោះទេ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Ford មិនស្តាយក្រោយចំពោះការបោះបង់ចោលរថយន្ត Sedan ឡើយ ប៉ុន្តែពួកគេនៅតែអាចនាំយកពួកវាត្រឡប់មកវិញ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តមួយនេះរកឃើញថា ស្រឡាយរថយន្ត SUV ដែលកំពុងរួមតូចរបស់ខ្លួន មិនអាចបំពេញគ្រប់ចន្លោះប្រហោងនៃតម្រូវការទីផ្សារបាននោះទេ។ រថយន្ត Sedan ប្រហែលជាមិនអាចមានប្រជាប្រិយភាពខ្លាំងដូចកាលពីអតីតកាលទៀតឡើយ ប៉ុន្តែប្រហែលជាការធ្លាក់ចុះរបស់ពួកវាកំពុងឈានដល់ទីបញ្ចប់ហើយ។
ELANTRA concept
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
