Admin, 27 November 2026
រថយន្ត Chery Arrizo 9 ត្រូវបានបង្ហាញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) នៅក្នុងប្រទេសចិន ជារថយន្ត Sedan លំដាប់កំពូលស៊េរីថ្មីរបស់ម៉ាកយីហោមួយនេះ ដែលត្រូវបានកំណត់ទីតាំងខ្ពស់ជាងម៉ូដែល Arrizo 8 Pro មួយកម្រិត។ វាប្រើប្រាស់ជម្រើសប្រព័ន្ធថាមពលចំនួនបី ដេលមានរចនាបថដ៏ទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ វាមិនអាចមើលរំលងការពិតដែលថាម៉ូដែលនេះ មានរូបរាងស្រដៀងគ្នាខ្លាំងទៅនឹងរថយន្ត Audi A7 នោះឡើយ។
Chery Arrizo 9 គឺជាវគ្គផលិតក្នុងបរិមាណច្រើន (mass-produced variant) នៃរថយន្តគំរូ Arrizo S concept car ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍យានយន្ត Beijing Auto Show ឆ្នាំ 2026 កាលពីខែមេសា។ រថយន្តគំរូមួយនេះ ត្រូវបានគេពិភាក្សាយ៉ាងផុសផុលនៅលើបណ្តាញអ៊ីនធឺណិត។ កាលពីថ្ងៃទី 26 ខែវិច្ឆិកា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានបញ្ចេញលក្ខណៈបច្ចេកទេសស្នូល និងរូបភាពនៃរថយន្ត Arrizo 9 ដូច្នេះ Chery មានច្បាស់លាស់គ្រប់គ្រាន់ក្នុងការនាំយកយានយន្តនេះមកកាន់ទីផ្សារ។
Chery Arrizo 9: Beijing Auto show 2026
ដូចដែលបានរៀបរាប់ខាងលើ Arrizo 9 មើលទៅស្រដៀងគ្នាខ្លាំងទៅនឹង Audi A7 អ្នកអាចសម្គាល់ដឹងបានតាមរយៈការមើលទៅលើបន្ទះប៉ាណាខាងមុខ, កាងខាងមុខ, ខ្សែបន្ទាត់ដំបូល និងជាពិសេសបណ្តុំចង្កៀងក្រោយ។ ការទាញយកការបំផុសគំនិតនេះ គឺមានភាពច្បាស់លាស់ខ្លាំងណាស់។ លើសពីនេះទៅទៀត Arrizo 9 មានទំហំប្រហាក់ប្រហែលនឹងរថយន្ត A7 ដែលបានលើកឡើងខាងលើ។ បណ្តោយប្រវែង5,000mm ទទឹង 1,906mm និងកម្ពស់របស់វា គឺ 1,506mm ប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) គឺ 2,900 mm។ ដើម្បីភាពច្បាស់លាស់ វាមានប្រវែងវែងជាង 31 មីឡីម៉ែត្រ, ទទឹងតូចជាង 2 មីឡីម៉ែត្រ និងកម្ពស់ខ្ពស់ជាង 84 មីឡីម៉ែត្រ បើធៀបនឹងរថយន្តអាល្លឺម៉ង់មួយនេះ។ Chery Arrizo 9 បំពាក់យ៉ាន់កង់ទំហំ 18 ឬ 19អ៊ីញ។ មុំប្រកៀក (approach angle) និងមុំចាកចេញ (departure angle) របស់វា គឺ 14 អង្សារដូចគ្នា។ ទម្ងន់ឡានទទេ (curb weight) នៃម៉ូដែលនេះ ស្ថិតនៅចន្លោះពី 1,540 ទៅ 1,680 គីឡូក្រាម អាស្រ័យលើការកែសម្រួលបច្ចេកទេស។ ទម្ងន់សរុប (gross weight) ឈានដល់ 2,050 គីឡូក្រាម។
Chery Arrizo 9: Beijing Auto show 2026
រថយន្ត Arrizo 9 ប្រើម៉ាស៊ីនសាំងកម្រិតដំបូង (entry-level) ប្រើប្រាស់ម៉ាស៊ីនសាំង 4 ស៊ីឡាំង Turbo ចំណុះ 1.6 លីត្រ ម៉ូដែល SQRF4J16C ដែលផលិតដោយក្រុមហ៊ុន Chery ផ្ទាល់។ កម្លាំងអតិបរមារបស់វា គឺ 147 kW (197 សេះ)។ មិនទាន់មានព័ត៌មានអំពីប្រអប់លេខនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ យើងដឹងថាវគ្គនេះស៊ីប្រេង 6.39 លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ។ ចំណែកឯ Chery Arrizo 9 ដែលមានកម្លាំងខ្លាំងជាងនេះ មានបំពាក់ម៉ាស៊ីនសាំង Turbo ចំណុះ 2.0 លីត្រ ម៉ូដែល SQRF4J20C ដែលផ្តល់កម្លាំង 192 kW (257 សេះ)។ ប្រអប់លេខនៅតែជាអាថ៌កំបាំងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ កម្រិតស៊ីប្រេងរបស់វា គឺ 6.77 លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ។ ល្បឿនអតិបរមានៃវគ្គទាំងពីរ គឺ 200 គីឡូម៉ែត្រ/ម៉ោង។
Chery Arrizo 9: Beijing Auto show 2026
បច្ចុប្បន្ន មាននិន្នាការកើនឡើងសម្រាប់រថយន្តអគ្គិសនី Hybrid (HEV) ដែលមិនបាច់សាកភ្លើង ហើយ Chery ក៏ដើរតាមនិន្នាការនេះផងដែរ។ ជាលទ្ធផល Arrizo 9 ក៏មានផ្តល់ជូនជាប្រភេទ HEV ជាមួយនឹងម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ ម៉ូដែល SQRH4J15 ដែលផ្តល់កម្លាំង 115 kW (154 សេះ)។ មិនទាន់មានព័ត៌មានអំពីប្រអប់លេខ និងម៉ូទ័រអគ្គិសនីនៃរថយន្តនេះនៅឡើយទេ។ វាស៊ីប្រេង 5.35 លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ និងមានល្បឿនអតិបរមា 180 គីឡូម៉ែត្រ/ម៉ោង។ ថ្មីៗនេះ ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបអាចការពារកម្មសិទ្ធិបញ្ញារបស់ពួកគេបាន តាមរយៈការធ្វើឱ្យរថយន្ត SUV ម៉ូដែល BYD Ti 7 ត្រូវបានហាមឃាត់នៅក្នុងសហភាពអឺរ៉ុប។ ករណីនេះ អាចនឹងលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតឱ្យដើរតាមគន្លងរបស់ JLR និងដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតរថយន្តចិនមួយចំនួន។ យើងនឹងមិនភ្ញាក់ផ្អើលឡើយ ប្រសិនបើក្រុមហ៊ុន Volkswagen Group ធ្វើរឿងដូចគ្នានេះចំពោះរថយន្ត Arrizo 9។ បច្ចុប្បន្ន Audi កំពុងដាក់លក់រថយន្ត Sedan ម៉ូដែល A7L នៅក្នុងប្រទេសចិន ដែលវាត្រូវបានផលិតឡើងដោយក្រុមហ៊ុនរួមទុន SAIC-Audi។ វាហាក់ដូចជាថា Arrizo 9 អាចជះឥទ្ធិពលដល់សមិទ្ធផលទីផ្សារនៃម៉ូដែលនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volkswagen មិនទាន់បានធ្វើការទាមទារ ឬប្តឹងផ្តល់ណាមួយពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
