Admin, 25 November 2026
ក្រុមហ៊ុន BYD បាននិយាយកាលពីថ្ងៃទី 24 ខែវិច្ឆិកា ថា ខ្លួនបានឈានចូលដល់កិច្ចពិភាក្សាផ្តាច់មុខ ដើម្បីទិញយករោងចក្ររបស់ក្រុមហ៊ុន Ineos Automotive នៅទីក្រុង Hambach ភាគខាងកើតប្រទេសបារាំង។ បន្ទាប់ពីប្រទេសហុងគ្រី នេះនឹងក្លាយជារោងចក្រទីពីររបស់ BYD នៅក្នុងសហភាពអឺរ៉ុប (EU)។ ក្រុមហ៊ុន Ineos មានផែនការផ្លាស់ប្តូរការផលិតរថយន្ត Off-road ម៉ូដែល Grenadier របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកវិញ ដែលជាទីផ្សារធំបំផុតរបស់ខ្លួន និងមានគោលដៅចាប់ផ្តើមផលិតយានយន្តនៅទីនោះក្នុងឆ្នាំ 2028។
សំណើនៃការលក់នេះ ត្រូវស្ថិតក្រោមការពិគ្រោះយោបល់ជាមួយតំណាងបុគ្គលិក។ Ineos បាននិយាយថា ប្រសិនបើកិច្ចព្រមព្រៀងនេះដំណើរការទៅមុខ ខ្លួននឹងបន្តផលិតរថយន្ត SUV ម៉ូដែល Grenadier និងរថយន្ត Pickup ម៉ូដែល Quartermaster ដែលពាក់ព័ន្ធ នៅទីក្រុង Hambach «សម្រាប់រយៈពេលមធ្យម»។ BYD មិនទាន់បានបញ្ជាក់ថា តើម៉ូដែលណាខ្លះដែលខ្លួននឹងផលិតនៅប្រទេសបារាំង, ពេលណាដែលការផលិតនឹងចាប់ផ្តើម ឬថាតើកម្មករប្រហែល 1,000នាក់ របស់រោងចក្រប៉ុន្មាននាក់ដែលខ្លួនរំពឹងថានឹងរក្សាទុកនោះទេ។
Ineos Automotive គឺជាផ្នែកផលិតរថយន្តនៃក្រុមហ៊ុនអង់គ្លេសរបស់លោក Jim Ratcliffe គឺក្រុមហ៊ុន Ineos។ ម៉ូដែលដំបូងរបស់ខ្លួន គឺ Grenadier គឺជារថយន្ត SUV ប្រភេទ4WD រូបរាងប្រអប់ ដែលទទួលបានការបំផុសគំនិតពីរថយន្ត Land Rover Defender ដើម។ Ineos បានចាប់ផ្តើមផលិតវានៅប្រទេសបារាំងក្នុងឆ្នាំ 2022 ហើយក៏ផលិតវគ្គ Pickup ដែលមានឈ្មោះថា Quartermaster ផងដែរ។ ទីផ្សារចម្បងរបស់វា គឺសហរដ្ឋអាមេរិក។
ពីរថយន្តក្រុង Smart ទៅជារថយន្ត Off-road របស់ Ineos
ក្រុមហ៊ុន Ineos បានទិញរោងចក្រ Hambach ពីក្រុមហ៊ុន Mercedes-Benz នៅក្នុងឆ្នាំ 2020 ហើយបានកែសម្រួលអតីតរោងចក្រ Smart មួយនេះ ទៅផលិតរថយន្ត 4×4 ប្រភេទគ្រោងឆ្អឹងរឹងមាំ (body-on-frame) នៅលើទីតាំងដែលធ្លាប់ផលិតរថយន្តសម្រាប់ក្នុងទីក្រុងប្រភេទ 2 កៅអី។ ការផលិតរថយន្ត Grenadier បានចាប់ផ្តើមនៅក្នុងឆ្នាំ 2022។ រោងចក្រនេះ អាចផលិតរថយន្ត Grenadier បានប្រហែល 30,000 គ្រឿង ក្នុងមួយឆ្នាំ។ សហរដ្ឋអាមេរិក ក្តោបក្តាប់ប្រហែល 70% នៃការលក់របស់ Ineos Automotive ដែលធ្វើឱ្យក្រុមហ៊ុនងាយរងគ្រោះជាពិសេសចំពោះពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ រថយន្ត SUV ម៉ូដែល Grenadier ដែលដឹកជញ្ជូនពីប្រទេសបារាំង ប្រឈមមុខនឹងពន្ធគយ 15% ខណៈដែលម៉ូដែល Quartermaster ស្ថិតនៅក្រោមពន្ធគយ 25% របស់សហរដ្ឋអាមេរិក លើរថយន្ត Pickup នាំចូល។ Ineos បានជ្រើសរើសទីតាំងផលិតកម្មមួយចំនួននៅសហរដ្ឋអាមេរិកក្នុងបញ្ជីសម្រាំង ប៉ុន្តែមិនទាន់បញ្ចេញឈ្មោះទីតាំងទាំងនោះ ឬបញ្ជាក់ថាតើខ្លួននឹងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតឬយ៉ាងណានៅឡើយទេ។
របៀបដែលរោងចក្រ Hambach សមស្របទៅនឹងផែនការអឺរ៉ុបរបស់ BYD
ទីក្រុង Hambach នឹងផ្តល់ឱ្យ BYD នូវរោងចក្រផលិតរថយន្តអ្នកដំណើរទីពីរនៅក្នុងសហភាពអឺរ៉ុប បន្ថែមពីលើរោងចក្រថ្មីរបស់ខ្លួននៅទីក្រុង Szeged ប្រទេសហុងគ្រី។ នៅទីបំផុត BYD មានផែនការផលិតយានយន្តច្រើនជាង 150,000 គ្រឿង ក្នុងមួយឆ្នាំនៅទីក្រុង Szeged។ ការផលិតក្នុងបរិមាណច្រើន (mass production) ត្រូវ បានរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំ 2027។ រថយន្ត Hatchback អគ្គិសនី Dolphin Surf និងរថយន្ត SUV ខ្នាតតូច Atto 2 ស្ថិតក្នុងចំណោមម៉ូដែលដែលត្រូវបានរំពឹងថានឹងផលិតនៅទីនោះ។ ទន្ទឹមនឹងនេះ ការងារលើគម្រោងរោងចក្រដាច់ដោយឡែកមួយរបស់ BYD នៅក្នុងប្រទេសតួកគី ត្រូវ បានផ្អាកជាបណ្តោះអាសន្ន។
ការផលិតរថយន្តនៅក្នុងសហភាពអឺរ៉ុប នឹងកាត់បន្ថយការប្រឈមមុខរបស់ BYD ទៅនឹងពន្ធនាំចូលលើរថយន្តអគ្គិសនីប្រើអាគុយសុទ្ធដែលផលិតនៅប្រទេសចិន និងកូតារបស់សហភាពអឺរ៉ុបលើរថយន្ត Hybrid នាំចូល។ ច្បាប់ «Made in Europe» ដែលស្នើឡើងដោយសហភាពអឺរ៉ុប ក៏នឹងភ្ជាប់សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្ត EV និងកិច្ចសន្យារបស់រដ្ឋាភិបាល ទៅនឹងចំនួនភាគរយនៃយានយន្តដែលត្រូវបានផលិតនៅក្នុងស្រុកផងដែរ។
ក្រុមហ៊ុនគូប្រជែងចិនជាច្រើន បានរៀបចំប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ ក្រុមហ៊ុន Dongfeng មានផែនការផលិតរថយន្តនៅឯរោងចក្រ Stellantis ក្នុងប្រទេសបារាំង ខណៈដែល Leapmotor មានផែនការផលិតរថយន្ត EV នៅឯរោងចក្រ Stellantis ក្នុងប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុន Geely ក៏មានផែនការផលិតយានយន្តនៅប្រទេសអេស្ប៉ាញ នៅឯរោងចក្រដំឡើងរបស់ក្រុមហ៊ុន Ford ផងដែរ នេះបើយោងតាមសារព័ត៌មាន Reuters។
ក្រុមហ៊ុន BYD លក់យានយន្តបានចំនួន 320,445 គ្រឿង នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ 2026 ដែលកើនឡើង 133% ធៀបនឹងឆ្នាំមុន យោងតាម Automotive News។ តួលេខនោះ បានធ្វើឱ្យខ្លួនឈរនៅពីក្រោយក្រុមហ៊ុន Chery Group ចំនួន 186 គ្រឿង ដែលការចុះបញ្ជីរបស់ Chery Group បានកើនឡើង 235% ដល់ 320,631 គ្រឿង។ នៅទូទាំងពិភពលោក BYD លក់រថយន្តអ្នកដំណើរបានចំនួន 3,561,615 គ្រឿង ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ 2026 ដែលធ្លាក់ចុះ 2.7% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រសិនបើគ្មានការលក់នៅក្រៅប្រទេសទេនោះ ការធ្លាក់ចុះរបស់ BYD នឹងកាន់តែខ្លាំងក្លាជាងនេះឆ្ងាយណាស់ ដោយសារតែការលក់ម៉ាកយីហោ BYD នៅក្នុងប្រទេសចិន បានធ្លាក់ចុះ 40% ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំនេះ មកត្រឹម 1,544,699 គ្រឿង។
ប្រភព៖ UK. News
ប្រែសំរួល៖ Chea SokNang (AC Auto)
